AT Madrid ​ហក់​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​ឈ្នះ ​Huesca ​២-០
​ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Huesca ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ ដែល​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ។ ​លេង​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ក្រុម AT Madrid ​ធ្វើ​បាន​ល្អ ដោយ​រក​បាន​២​គ្រាប់ ​ពី​សំណាក់​កីឡាករ Correa ​នៅ​នាទី​៣៩ និង Carrasco ​នៅ​នាទី​៨០។ ​ជ័យជម្នះ​នេះ ​ក៏​បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក Simeone ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​វិញ​ផង​ដែរ។ ​ដោយ​បន្ដ​លើស​ក្រុម Real Madrid ​និង Barcelona វិញ។
Man Utd ទាក់ទង​​ចង់​យក​ Ronaldo មក​អង់គ្លេស​វិញ​
Manchester United បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ Cristiano Ronaldo ដើម្បី​នាំ​​គេ​មក​កាន់​ Premier League។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី។ អនាគត​របស់ Ronaldo នៅ Juventus ហាក់​ស្រពិចស្រពិល ចាប់​តាំង​ពី​ក្រុម​ធ្លាក់​ចេញ​ពី Champions League ដោយ​សារ Porto កាល​ពី​ខែមុន។ ការ​រំពឹង​​គ្រប់គ្រង​ពាន Serie A ១០​​ឆ្នាំ​ជាប់​គ្នា​របស់ Juventus ហាក់​មា​នសង្ឃឹម​តិច ដោយ​សារ​បច្ចុប្បន្ន​កំពុង​គម្លាត​១១​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Inter Milan ខណៈ​លីគ​សល់​​៦​ប្រកួត​ទៀត។ ផ្អែក​តាម​សារព័ត៌មាន Gazzetta dello Sport​ ឲ្យ​ដឹង​ថា ការ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​របស់ Juventus បាន​ធ្វើ​ឲ្យ​ Ronaldo មិន​សូវ​ជា​សប្បាយ​ចិតុ្ត​ទេ។ United បាន​ដាក់​ការ​ចាប់​អារម្មណ៍​នាំ​យក​កីឡាករ​សញ្ជាតិ​ព័ទុយហ្គាល់​​ដែល​ធ្លាប់​មាន​សេចក្ដី​រាយការណ៍​ Juventus ចង់​លក់​ត្រឹម​​តែ​២៦​លាន​ផោន​​មក Old Traford វិញ។
ល្ហិចល្ហៀង​ថា​ Cavani ចង់​ទៅ​លេង​ឲ្យ​ក្លឹប​មួយ​នៅ​អាហ្សង់ទីន​វិញ​
ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Edison Cavani ​ត្រូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ចង់​ទៅ​ឲ្យ​ក្លឹប​ Boca Juniors ដែល​ជា​ក្លឹប​មួយ​នៅ​ប្រទេស​អាហ្សង់ទីន​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។ បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ​ ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​វិញ​គឺ​ដោយ​សារ​តែ​ Cavani ចង់​ទៅ​នៅ​ជិត​ក្រុម​គ្រួសារ​របស់​គេ​វិញ​។ យ៉ាង​ណា​ក្ដី​ក្រោយ​ទទួល​ដំណឹង​នេះ​ លោក​ Solskajer អ្នកចាត់​ការ​ក្លឹប​ Man Utd បាន​ឆ្លើយ​តប​វិញ​ថា​ លោក​ក៏​ធ្លាប់​សួរ​នាំ​គេ​រឿង​ហ្នឹង​ដែរ​ តែ​គេ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​។ Cavani បាន​មក​លេង​ឲ្យ​ Man Utd នៅ​ដើម​រដូវកាល​ឆ្នាំ​២០២០/២១​ ដោយ​ចូល​រួម​លេង​បាន​ ៣១​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ១០​គ្រាប់​៕